Ads 468x60px

6/26/12

ជំនឿ និង ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ

ជំនឿ និង ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ :
១. ជំនឿទេវតាឆ្នាំថ្មី : ក្នុងចង្រ្កាន្តសូត្រនិទានថាក្នុងដើមភទ្ទកប្បនេះមានបុរសម្នាក់ ឈ្មោះធម្មបាលជាអ្នកប្រាជ្ញចេះចប់ត្រៃវែទ ព្រមទាំងចេះភាសាបក្សីសត្វផង ។ ធម្មបាលតែងសំដែងមង្គលដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម (សម័យនោះគេគោរពបូជាមហាព្រហ្ម) ជ្រាប់ថា ធម្មបាលកុមារជាអ្នកប្រាជ្ញក៏មកសួរប្រស្នា ៣ខ ហើយសន្យាថា : ប្រសិនបើធម្មបាលដោះស្រាយប្រស្នារួច កបិលមហាព្រហ្មនិងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះស្រាយប្រស្នាមិនរួចទេ ត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ ។ ធម្មបាលសុំបង្អង់៧ថ្ងៃសិនដើម្បីគិតប្រស្នា ប៉ុន្តែ៦ថ្ងៃកន្លងផុតទៅហើយ នៅតែគិតមិនចេញសោះ ធម្មបាលក៏ភៀសខ្លួនទៅពួននៅក្រោមដើមត្នោតមួយគូ ដែលជាលំនៅនៃសត្វឥន្រ្ទី ។ ជាភព្វសំណាងល្អ យប់នោះធម្មក៏បានឮសត្វឥន្រ្ទីញី ឈ្មោលនិយាយគ្នាថា :
1. ញី: ព្រឹកនេះយើងបានអាហារពីណាស៊ី?
2. ឈ្មោល : យើងនឹងបានស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ព្រោះ
ដោះប្រស្នាមិនរួច ។
3. ញី : ប្រស្នានោះដូចម្តេច?
4. ឈ្មោល : (ខ១) វេលាព្រឹក សិរីស្ថិតនៅទីណា? ត្រូវឆ្លើយថានៅមុខ ហេតុនេះ
មនុស្សទាំងឡាយត្រូវយកទឹកលាងមុខ ។ (ខ២) ថ្ងៃត្រង់សិរីស្ថិតនៅត្រងើណា? ត្រូវឆ្លើយថាស្ថិតនៅទ្រូង ហេតុនេះមនុស្សទាំងឡាយត្រូវយកទឹកលាងទ្រូង ។ (ខ៣) វេលាល្ងាចសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថានៅជើង ហេតុនេះមនុស្សទាំងឡាយទើបយកទឹកលាងជើង ។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្រ្ទី ក៏បានជាពន្លឺដល់ធម្មបាលដោះស្រាយប្រស្នាក
កបិលមហាព្រហ្ម រួចជៀសផុតពីក្តីមរណៈ ។ កបិលមហាព្រហ្មសុខចិត្តចុះចាញ់ព្រមកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាល កបិលមហាព្រហ្មហៅទេពធីតា៧អង្គដែលជាបុត្រីរបស់ខ្លួនឲ្យយកពានមកទ្រក្បាល (ព្រោះបើដាក់ក្បាលលើផែនដី នឹងកើតជាភ្លើងឆេះលោកឆាតុ បើបោះទៅលើអាកាសនឹងរាំងស្ងួត បើចោលទៅក្នុងសមុទ្រនឹងរីងស្ងួតអស់) រួចហើយក៏កាត់ក្បាលឲ្យនាង ទុង្សា ជាកូនច្បង ។ នាង ទុង្សា ហែក្បាលកបិលមហាព្រហ្ម ប្រ ទក្សិណភ្នំព្រះសុមេរុ អស់ ៦០ នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ថានទុកក្នុងមណ្ឌបភ្នំកៃលាស។ លុះដល់គម្រប់មួយឆ្នាំសង្រ្កាន្ត ទើបនាងទេពធីតាទាំង ៧អង្គ ផ្លាស់វេនគ្នាមកដង្ហែរក្បាលកបិលមហាព្រហ្មប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ ។
បុត្រីទាំង៧អង្គនោះគឺ៖
១. បើសង្រ្កាន្តចំថ្ងៃអាទិត្យត្រូវវេននាង ទុង្សា
២. បើសង្រ្កាន្តចំថ្ងៃចន្ទត្រូវវេននាង គោរាគៈ
៣. បើសង្រ្កាន្តចំថ្ងៃអង្គារត្រូវវេននាង រាគ្យសា
៤. បើសង្រ្កាន្តចំថ្ងៃពុធត្រូវវេននាង មន្ទា
៥. បើសង្រ្កាន្តចំថ្ងៃព្រហស្បតិ៍ត្រូវវេននាង កិរិណី
៦. បើសង្រ្កាន្តចំថ្ងៃសុក្រត្រូវវេននាង កិមិរា
៧. បើសង្រ្កាន្តចំថ្ងៃសៅរិ៍ត្រូវវេននាង មហោទរា
ដោយមានជំននឿបែបនេះហើយ ទើបខ្មែរយើងមានជំនឿហើយបានរៀបចំបូជាទេវតា
ដែលត្រូវវេនដង្ហែរក្បាលកបិលមហាព្រហ្ម និង ត្រូវអភិបាលពិភពលោករៀងរាល់ឆ្នាំចូលមក
ដល់ពុំដែលអាក់ខានឡើយ ។
២. ជំនឿពិធីស្រង់ព្រះ : មហាសំការសូត្រដែលមានមកក្នុងគម្ពីរសុត្តជាតក ជាមគធភាសា បាននិទានថា : ថ្ងៃសង្រ្កាន្តថ្មីជិតមកដល់ ព្រះបាទ បសេនទីកោសល បានរៀបចំជាបារាំយ៉ាង
ស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធនិងព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃនៅទីនោះ ។ គម្ពីរនេះដដែលបញ្ជក់ទៀតថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឃាយ៍ មានអានិសង្សច្រើនណាស់ អនាគតជាតិនឹងបានទៅកើតក្នុងទេវលោក បានសេចក្តីសុខគ្រប់យ៉ាង ។
គម្ពីរបញ្ញាសជតក ត្រង់ជាតកទី៣១ បានបញ្ជាក់អានិសង្ឃនៃការស្រង់ទឹកព្រះសង្ឃ
ដូចមហាសំការសូត្រដែរ គ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថាតើនៅឪកាសចូលឆ្នាំឬនៅ
ពេលណាប៉ុណ្ណោះ ។ លោកលើកឧទាហរណ៍ ដូចជាព្រះបាទបុប្ផរាជ ដែលបាននិមន្តព្រះឧសភត្ថេរក្នុងសាសនាព្រះពុទ្ធ សរណង្ករ ឲ្យស្រង់ទឹក។ លុះអនាគតជាតិទៅបានទៅកើតក្នុងទេវលោក មានបុណ្យបារមីច្រើន ហើយទីបំផុតបានទៅជាសេ្តចចក្រពត្តិក្នុងជម្ពូទ្វីបនេះ ។
នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្មនទី៧ ពេលចូលឆ្នាំម្តងៗគេតែងតែធ្វើពិធីមួយ ដោយ
និមន្តព្រះពុទ្ធរូបមានមហិទ្ធិរិទ្ធ២៥អង្គដែលជាតំណាងអាណាខេត្តទាំងឡាយ ក្នុងព្រះរាជណា
ចក្រ មកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រី(ប្រាសាទព្រះខ័ន) រួចដង្ហែព្រះពុទ្ធរូបទាំងនោះ
ជាក្បួនយ៉ាងមហោឡារិក មុននឹងយកទៅតំកល់នៅកន្លែងដើមវិញ ។
ដោយមានជំនឿ និងមានទំនៀមទម្លាប់របស់ដូនតាយើងដូចខាងលើនេះហើយបានជា
មានទម្លាប់ជាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ពេលចូលឆ្នាំម្តងៗគេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា បុព្វការីជននៅតាមវត្តអារាម និងតាមភូមិស្រុក ។
ពេលដែលធ្វើពិធីស្រង់ទឹក យើងធ្វើតាមវិធីមួយដូចជា៖
កូនចៅចង់ស្រង់ទឹកឲ្យមាតាបិតា ជីដូនជីតា ។ល។ យើងគប្បីរៀបកន្លែងមានគ្រែចងជា បុស្បុក មានពាងទឹក៤ តាមចែងគ្រែ រួចកូនចៅលុតជង្គង់សុំខមាទោស មាតាបិតា ជីដូនជីតា
អំពីកំហុសខុសឆ្គងដែលកូនចៅនុវត្តខុសកន្លងមក ជាសម្តីក្តីឬកូនចៅមានទំនាស់ទាស់ទែង
បងប្អូនខ្លួន ប្រកាន់ពាក្យសម្តីគ្នាដែលធ្វើឲ្យមាតាបិតា ជីដូនជីតាព្រួយបារម្ភ និងសុំពរជ័យពី
គាត់ ។ រួចបន្ទាប់មកថ្វាយបង្គំគាត់ សុំអញ្ជើញទៅស្រង់ទឹក (តែគួរធ្វើពេលថ្ងៃក្តៅ ចៀសវាងរងាញាក់ នាំមានផលលំបាកព្រោះគាត់ចាស់ៗ) ។ បន្ទាប់អញ្ជើញគាត់ផ្លាស់សំលៀកបំពាក់ ដែលកូនចៅបានជូនទៅគាត់។ រីឯពិធីស្រង់ព្រះ និង ភិក្ខុសង្ឃ លោកអាចារ្យណែនាំធ្វើតាមធម្មតា ដែលធ្លាប់ធ្វើទៅចុះ ។
៣. ជំនឿពូនភ្នំខ្សាច់ : មហាសំការសូត្របានបញ្ជាក់ថា : ពេលសង្ក្រាន្តថ្មីជិតមកដល់ ព្រះបាទ បសេនទិកោសល បានទទួលសួរថា ក្រោយពេលព្រះអង្គបរិនិព្វានទៅដល់សង្រ្កាន្ត
ចូលឆ្នាំថ្មីម្តងៗ តើខ្ញុំព្រះអង្គ គួរបំពេញកុសលអ្វីខ្លះ? ព្រះពុទ្ធត្រាស់ថា៖ គួរសាងវាលុកចេតីយ៍ នៅឆ្នេរស្ទឹងទន្លេ ហើយនាំយកគ្រឿងសក្ការៈ ទៀន ធូប គ្រឿងក្រអូប ផ្កាជាដើមមកបូជាចុះ ។ ព្រះអង្គបានបញ្ជាក់ អំពីអានិសង្សនៃការសាងវាលុកចេតីយ៍នោះថា មានអានិសង្សច្រើន
វិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ ។
គម្ពីរអានិសង្សវាលុកចេតីយ៍ ជាសាស្រ្តាស្លឹករិតភាសាខ្មែរមានតែមួយខ្សែ ហើយមានបី
និទាន:
និទានទី១ : ដំណាលពីបារិកពោធិសត្វ និងពួកពាណិជដែលពានពូនភ្នំខ្សាច់ ឧទ្ទិសជា
ដំណាងចូឡាមណីចេតីយ៍ ដែលតម្កល់ព្រះចង្កោមកែវរបស់ព្រះពុទ្ធពីបូរាណ ប្រតិស្ថាននៅ
ស្ថានត្រៃត្រឹង្សទេវលោកនោះ ។ លុះអនាគតជាតិបានទៅកើតក្នុងសុគតិភព កើតជាសេចចក្រ
ពត្តិ ជាច្រើនជាតិ ហើយទីបំផុតបានត្រាសជាព្រះពុទ្ធយើងនេះ ។
និទានទី២ : ដំណាលពីនាយនេសាទម្នាក់ (ឈ្មោះមិនប្រាកដ) ដែលជាអ្នកសម្លាប់សត្វ
ជាអាហារតាំងពីតូចមក ។ ថ្ងៃមួយអ្នកនេសាទនេះបានប្រគេនបាយមួយពំនូត ដល់ភិក្ខុមួយអង្ក ។ ពេលគាត់ស្លាប់ទៅ យមរាជយកទៅវាយសួរចម្លើយ ហើយចាប់បោះទៅក្នុងរណ្តៅភ្លើងនរក បែរជាមិនឆេះ ខ្ទាតចេញទៅវិញ។ នាយយមបាលក៏វាយសួរម្តងទៀត ។ ទទួលពេលនោះនាយនេសាទក្រឡេកឃើញអណ្តាតភ្លើងនរកសម្បុរដូចចីពរលោក ក៏នឹកដល់ទានរបស់ខ្លួន ហើយជំរាបយមបាលតាមដំណាលរឿធ្វើទាន ។ ពួកយមបាលក៏អនុញ្ញាតឲ្យបុរសទៅកើតក្នុងទេវលោកចំនួន៧ថ្ងៃហើយសឹមត្រឡប់មកស្ថាននរកវិញ ។ ទេវបុត្រនេះ ឈ្មោះថា“អន្នំលោកង្សិនី” មានប្រពន្ធសំណប់ចិត្តឈ្មោះនាង “សុវណ្ណឱរ៉ៃ” ។ គាត់បាននិយាយរឿងរ៉ាវរបស់គាត់ដែលធ្លាប់ទៅនរកនោះប្រាប់ភរិយាដោយសព្វគ្រប់ ។ នាងសុវណ្ណឱរ៉ៃក៏ឲ្យស្វាមីរបស់ខ្លួនសាងវាលុកចេតីយ៍ ហើយឆ្លងឲ្យហើយស្រេចក្នុងថ្ងៃទី៧ ។ លុះដល់ថ្ងៃទី៨ យមរាជក៏តាមមកហៅ អន្នំលោកង្សិនី ទៅស្ថាននរកវិញ នាងប្រពន្ធក៏ចេញមកនិយាយតបថា : មិនបើកទ្វារឲ្យស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានកសាងវាលុកចេតីយ៍ និង ធ្វើពិធីឆ្លងរួចហើយ បើនៅតែយកប្តីយើងទៅធ្វើទោសនោះ ចូរអ្នករាប់គាប់ខ្សាច់នោះឲ្យអស់សិន។ យមរាជក៏ចាប់ផ្តើមរាប់ខ្សាច់ពេញមួយព្រឹកដល់ថ្ងៃត្រង់មិនចេះអស់សោះ ។ យមរាជក៏ទាល់តម្រេះ ហើយត្រលប់ទៅស្ថាននរកវិញ ។
និទានទី៣ : ដំណាលពីចៅកំជិលខ្សាច់ម្នាក់ថា មានក្មេងម្នាក់ចេះតែពូនខ្សាច់នៅទីផ្នូក
ខ្សាច់មុខផ្ទះហើយដេកននៀលលេងរាល់ៗថ្ងៃប្រឡាក់ប្រឡូសទៅដោយខ្សាច់មើលមិនយល់
គេក៏នាំគ្នាហៅថា ចៅកំជិលខ្សាច់។ ថ្ងៃមួយព្រះឥន្ទទតឃើញយ៉ាងនេះ ក៏ឲ្យនាងទេពធីតាម្នាក់
ចុះមកធ្វើជាប្រពន្ធ ។ ក្រោយមកនគរមួយនោះព្រះរាជាចូលទីវង្គត ហើយគ្មាននរណាស្នងរាជ្យពួកមន្រ្តីក៏ធ្វើបុស្បុកផ្សងរកអ្នកមានបុណ្យបារមី បុស្បុកក៏ទៅត្រូវលើចៅកំជិលខ្សាច់ ។ គេក៏នាំគ្នាអញ្ជើញចៅកំជិលខ្សាច់នោះទៅឲ្យសោយរាជ្យជាសុខតទៅ ។
ដោយមានជំនឿយ៉ាងនេះហើយ បានជាខ្មែរយើងជឿជាប់តរៀងរហូតមកដល់បច្ចុប្បន្ន
ប៉ុនែ្តភ្នំខ្សាច់នេះ គេមិនមែនធ្វើតែក្នុងឱកាសចូលឆ្នាំប៉ុណ្ណោះទេ សូម្បីតែពិធីផ្សេងៗក៏គេនិយម
ធ្វើដែរ ព្រោះជឿថា ជាការរំដោះកម្មពៀរវេរាដែលធ្វើអាក្រក់កន្លងមក ។ ប៉ុន្តែយើងពិនិត្យឃើញឥឡូវនេះតាមវត្តមួយចំនួន គេយកស្រូវទៅពូនភ្នំខ្សាច់ដោយគិតថា ឲ្យផលចំណេញដល់ការសាងវត្ត ។ តែគេប្រើពាក្យពូនភ្នំខ្សាច់នេះក៏ល្អម្យ៉ាងដែរ ។ តែពិនិត្យឃើញ តាមកន្លែងមួយចំនួនគេចូលបុណ្យមានស្រូវផង អាចារ្យគ្រាន់តែជូនពរហើយឲ្យយកស្រូវទៅចាក់គរជាគំនរមួយជាការស្រេច ធ្វើរបៀបនេះមិនសមរម្យទេ ។ យើងជាអាចារ្យ ត្រូវចេះពិធីលើកស្ទួយកម្លាំងសទ្ធា ឲ្យគេកាន់តែកក់ក្តៅជឿជាក់ ដើម្បីមានអារម្មណ៍សប្បាយនឹងបុណ្យរបស់គេ ព្រោះស្រូវដែលចូលបុណ្យនេះគេថាពូនភ្នំខ្សាច់ យ៉ាងនេះហើយ អាចារ្យត្រូវធ្វើតាមរបៀបពូនភ្នំខ្សាច់ ។

0 វិចារ:

Post a Comment

There was an error in this gadget

The Life Of The Buddha

comments