Ads 468x60px

Featured Posts

វត្តក្រពុំឈូក ក្នក​ សូមស្វាគមន៍! Welcome To Watkrophumchuk!

6/26/12

ការរក្សាសេចក្តីសម្ពន្ធ ៦ទិស

ការរក្សាសេចក្តីសម្ពន្ធ ៦ទិស
ដើម្បីធ្វើគ្រប់ទិសឲ្យក្សេមក្សាន្ត ខ្លួនយើងគ្រប់រូបត្រូវប្រតិបត្តិនាទី ចំពោះបុគ្គលដែលពាក់ពន្ធជាមួយនិងខ្លួនឲ្យត្រូវតាមឋានទាំង៦ដូចតទៅនេះ
ទិសទី ១ ក្នុងឋានៈជាបុត្តធិតា ត្រូវគោរពមាតាបិតា អ្នកប្រៀបដូចទិសខាងមុខដូច្នេះ
១. លោកចិញ្ចឹមយើងមកហើយ ចិញ្ចឹមលោកតប។
២. ជួយធ្វើកិច្ចធុរៈការងាររបស់លោក។
៣. តម្រុងវង្សត្រកូល។
៤. ប្រព្រឹត្តខ្លួនឲ្យសមជាមួយភាពជាទាយាទ។
៥. ពេលលោកស្លាប់ទៅហើយ ធ្វើបុណ្យឧទ្ទិសឲ្យលោក។
ចំពោះបិតាមាតាអនុគ្រោះបុត្រ តាមគោលបដិបត្តិយ៉ាងនេះ
១. ហាមប្រាមការពារអំពីសេចក្តីអាក្រក់។
២. មើលថែហ្វឹកអប់រំឲ្យតាំងនៅក្នុងសេចក្តីល្អ។
៣. ឲ្យសិក្សាសិល្បៈវិទ្យា។
៤. ជាធុរៈពេលដល់វេលា នឹងមានគូគ្រងដ៏សមគួរ។
៥. ប្រគល់ទ្រព្យសម្បត្តិឲ្យ ពេលដល់ឱកាស។
ទិសទី ២ ក្នុងឋានៈជាសិស្ស ត្រូវសំដែងសេចក្តីគោរពគ្រូអាចារ្យ អ្នកប្រៀបដូចទិសខាងស្តាំដូច្នេះ
១. ក្រោកឡើងទទួល សំដែងសេចក្តីគោរព។
២. ចូលទៅជិតដើម្បីបំរុងបម្រើ ប្រឹក្សា សាកសួរ ទទួលណែនាំ ជាដើម។
៣. ស្តាប់ដោយល្អ ស្តាប់យកជាការបាន ចេះស្តាប់ឲ្យកើតបញ្ញា។
៤. ប្រណិប័តន៍ ជួយបរិការ។
៥. រៀនសិល្បៈវិទ្យាដោយគោរព ចាត់ទុកថាជាកិច្ចសំខាន់។
ចំពោះអាចារ្យអនុគ្រោះសិស្ស តាមគោលបដិបត្តិដូច្នេះ
១. ណែនាំហ្វឹកអប់រំ ឲ្យជាមនុស្សល្អ។
២. បង្រៀនឲ្យយល់ពិតប្រាកដ។
៣. បង្រៀនសិល្បៈវិទ្យាឲ្យទាំងអស់
៤. ទំនុកបម្រុងសេចក្តីល្អ សេចក្តីជំនាញការឲ្យប្រាកដ។
៥. សាងគ្រឿងការពារភ័យក្នុងសារទិស គឺ បង្រៀនសិស្សឲ្យប្រើវិជ្ជាចិញ្ចឹមជីព
បានពិត និងចេះតម្រុងខ្លួនដោយល្អ ដែលនឹងធានាជីវិតដំណើរបានល្អប្រសើរ ដោយសវត្ថីភាព មានសេចក្តីសុខសេចក្តីចម្រើន។
ទិសទី ៣ ក្នុងឋានៈជាស្វាមីត្រូវឲ្យកិត្តិយសភរិយា អ្នកប្រៀបដូចទិសខាងក្រោយដូច្នេះ
១. លើកដំកើង ឲ្យកិត្តិយស សមតាមឋានៈជាភរិយា។
២. មិនមើលថោក។
៣. មិនក្រៅចិត្ត។
៤. ប្រគល់សេចក្តីជាធំក្នុងការងារផ្ទះ។
៥. រកគ្រឿងសម្អាងមកឲ្យជារង្វាន់តាមឱកាស។
ចំពោះភរិយាអនុគ្រោះស្វាមី តាមគោលបដិបត្តិដូច្នេះ
១. រៀបចាំការងារផ្ទះឲ្យរៀបរយ។
២. សង្រ្គោះញាតិមិត្តទាំង ២ ខាងដោយល្អ។
៣. មិនក្រៅចិត្ត។
៤. រក្សាទ្រព្យសម្បត្តិដែលរកមកបាន។
៥. ព្យាយាម ខំតែចាត់ ខំតែធ្វើ ការងារគ្រប់បែបយ៉ាង។
ទិសទី ៤ ក្នុងឋានៈជាមិត្តសហាយ ត្រូវបដិបត្តិចំពោះមិត្តសហាយ អ្នកប្រៀបដូចទិសខាងឆ្វេងដូច្នេះ
១. ផ្សព្វផ្សាយបែងចែក។
២. និយាយស្តីមានទឹកចិត្ត។
៣. ជួយផ្ចុងផ្តើមយឹតយោងគ្នា។
៤. ដាក់ខ្លួនស្មើរួមសុខរួមទុក្ខជាមួយ។
៥. ស្មោះត្រង់ពិតប្រាកដចិត្ត។
ចំពោះមិត្តសហាយអនុគ្រោះតប ដោយគោលបដិបត្តិដូច្នេះ
១. ពេលមិត្តប្រមាទ ជួយរក្សាការពារ។
២. ពេលមិត្តប្រមាទជួយរក្សាទ្រព្យសម្បត្តិរបស់មិត្ត។
៣. ក្នុងគ្រាមានភ័យជាទីពឹងបាន។
៤. មិនលះបង់ក្នុងយាមទុក្ខលំបាក។
៥. គោរពរហូតដល់វង្សត្រកូលរបស់មិត្ត។
ទិសទី ៥ ក្នុងឋានៈជានាយឈ្នួល ត្រូវបម្រុងអ្នកបម្រើនិងកម្មករ អ្នកប្រៀបដូចទិសខាងក្រោមដូច្នេះ
១. ចាត់ការងារឲ្យធ្វើ តាមការគួរសម តាមកម្លាំង, ភេទ, វ័យ, សមត្ថភាព។
២. ឲ្យប្រាក់ឈ្នួលជារង្វាន់សមគួរនឹងការងារ និងជីវភាពការរស់នៅ។
៣. រៀបចំសុវត្ថិភាពល្អ មានជួយរក្សាព្យាបាលរោគយាមឈឺថ្កាតជាដើម។
៤. មានអ្វីពិសេសយកមកបែងចែកឲ្យ។
៥. ឲ្យមានថ្ងៃឈប់និងសម្រាកបន្ធូរចិត្ត តាមឱកាសដ៏សមគួរ
ចំពោះអ្នកបម្រើ កម្មករត្រូវសម្តែងទឹកចិត្តដល់នាយខ្លួនដូច្នេះ
១. ចាប់ផ្តើមធ្វើការងារមុន។
២. បញ្ចប់ការងារក្រោយ។
៣. យកតែរបស់នាយឲ្យ
៤. ធ្វើការងារឲ្យរៀបរយនឹងល្អឡើង។
៥. នាំសេចក្តីល្អនិងកិច្ចការរបស់នាយទៅផ្សព្វផ្សាយ។
ទិសទី ៦ ក្នុងឋានៈជាពុទ្ធសាសនិកជន ត្រូវសម្តែងសេចក្តីគោរពចំពោះព្រះសង្ឃ អ្នកប្រៀបដូចទិសខាងលើដូច្នេះ
១. នឹងធ្វើអ្វី ក៏ធ្វើដោយមេត្តា។
២. នឹងនិយាយរឿងអ្វី ក៏និយាយដោយមេត្តា។
៣. នឹងគិតរឿងអ្វី ក៏គិតដោយមេត្តា។
៤. ទទួលដោយសេចក្តីពេញចិត្ត។
៥. ឧបត្ថម្ភដោយបច្ច័យ៤។
ចំពោះព្រះសង្ឃអនុគ្រោះគ្រហស្ថ តាមគោលបដិបត្តិដូច្នេះ
១. ហាមប្រាមប្រដៅឲ្យវៀរសេចក្តីអាក្រក់
២. ណែនាំប្រៀនប្រដៅ ឲ្យតាំងនៅក្នុងសេចក្តីល្អ
៣. អនុគ្រោះដោយសេចក្តីប្រាថ្នាល្អ។
៤.ឲ្យបានស្តាប់បានដឹងនូវអ្វីដែលមិនទាន់បានស្តាប់បានដឹង។
៥. ចង្អុលបង្ហាញ់ អធិប្បាយនូវរឿងដែលមិនធ្លាប់បានស្តាប់ ហើយឲ្យយល់ ច្បាស់ប្រាកដឡើង។

ពិធីបុណ្យឆ្លងផ្សេងៗ

ពិធីបុណ្យឆ្លងផ្សេងៗ
ឆ្លងថ្នល់ ស្ពាន សាលាឆទាន ដើមពោធិ៍ ឆ្លងអណ្តូង ស្រះជាដើម ។ល។ ពិធីទាំងនេះមុនដំបូងអាចារ្យត្រូវរៀបចំពិធីក្រុងពលីជាចាំបាច់ រួចបន្តធ្វើពិធីផ្សេងៗ តាមទម្លាប់នៃបុណ្យ ។
តែចាំបាច់ព្រះសង្ឃពេលឆ្លងត្រូវសូត្រ ពហូទេវា ដារឆ្លង ។
ពិធីឆ្លងនេះគឺធ្វើតាមលំអាននាងវិសាខា បានប្រគេនភេសជ្ជៈ អង្គាសចង្ហាន់រាប់បាត្រ ប្រ គេនត្រៃចីវរ សាដកទៀតផង ។
យើងបានឮគេដំណាលថា បើដាំដើមពោធិ៍មិនឆ្លងនឹងកើតជាសត្វរាជសីហ៍រកស៊ីនៅក្រោមដើមពោធិ៍នោះ បើធ្វើស្រះ អណ្តូង មិនឆ្លងកើតជាតិក្រោយគ្មានទឹកផឹក ។ល។
បើពាក្យនេះក្លាយទៅជាជំនឿនោះ ជំនឿនេះមិនសមហេតុសមផលនោះទេ ព្រោះបុណ្យកើតដោយ ចេតនា ៣គឺៈ
១. បុព្វចេតនា ត្រេកអរជ្រះថ្លាមុននឹងឱ្យ
២. មុញ្ចនចេតនា ត្រេកអរជ្រះថ្លាក្នុងពេលកំពុងឱ្យ
៣. អបរាបរចេតនា ឱ្យរួចហើយត្រេកអរជ្រះថ្លាជានិច្ចត្រូវតែនឹក ។
ដូច្នេះការធ្វើបុណ្យអ្វីមួយ បុណ្យតែងសម្រេចដោយចេតនា ៣ នេះស្រេចទៅហើយ ។ មិនមែនបានបុណ្យព្រោះតែឆ្លង បើមិនបានឆ្លង ថាបែរជាមិនបានបុណ្យ ថែមទាំងបាបទៀតផងនោះ ទេ ។ ប៉ុន្តេការធ្វើអ្វីមួយចុងក្រោយ ត្រូវធ្វើបុណ្យឆ្លងនោះ ព្រោះចង់បន្ថែមកុសលឱ្យរិតតែចំរើនឡើងជាក្រឿងរំលឹកបញ្ញាស្មារតីបង្កើននូវអនុស្សតិនោះឯង ។ ដូចពុទ្ធភាសិតថាៈ
បុញ្ញញ្ចេ បុរិសោ កយិរា កយិរាថេនំ បុនប្បុនំ តម្ហិឆន្ទំ កយិរាថ សុខោ បុញ្ញស្ស ឧច្ចយោ : បើបុគ្គលធ្វើនូវបុណ្យនោះឱ្យញយៗ គប្បីធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះថែមទៀត ព្រោះការសន្សំបុណ្យតែងនាំមកនូវសេចក្តីសុខ ។
ដូច្នេះការធ្វើបុណ្យរឿយៗ ញឹកៗនេះ ដើម្បីកុំឱ្យបាបមានឱកាសមកជ្រៀតជ្រែកចិត្តយើងបាន ។ ការដែលសូត្រធម៌ ពហូទេវា ព្រោះក្នុង ពហូ បញ្ជាក់ច្បាស់អំពីមង្គល៣៨ប្រការ ទើបលោកកំណត់ឈ្មោះថា ( មង្គលសូត្រ ) ។
ពិធីរៀបចំឆ្លងនេះតាមទម្លាប់អាចារ្យមាន :
ទឹកមួយផ្តឹល នឹងបិតទៀន៤ដើមនៅមាត់ផ្តឹល ស្បុរសជនគេដាក់ប្រាក់ឬវត្ថុមានតម្លៃក្នុង ផ្តឹលដោយបំណងផ្សងឱ្យរួចផុតពីទុក្ខទោស ។ ព្រោះឧបមាថា
- ទឹកផ្តឹលទុកជាអន្លង់ ៤ គឺ អន្លង់កាម អន្លង់ភព អន្លង់អវិជ្ជា អន្លង់មច្ឆាទិដ្ឋិ ។
- ទៀន ៤ ទុកជាធាតុ ៤គឺ ដី ទឹក ភ្លើង ខ្យល់ ។
ទៀនទាំង ៤ នេះតែងតែឆេះនៅ រលត់ទៅក្នុងអន្លង់នោះឯង ។
ពេលចប់ពិធីអាចារ្យយកទឹកផ្តឹលទៅស្រោចគល់ដើមពោធិ៍ ឬ ចាក់ក្បែរមាត់ស្រះ អណ្តូង ដែលយើងឆ្លង ។ ឯបច្ច័យវត្ថុមានតម្លៃក្នុងផ្តឹលច្រើនតែត្រូវបានគេជូនទៅអាចារ្យ ។ អាចារ្យលើកឧបមាថាៈ
- ទឹកផ្តឹលគឺជាទឹកអម្រឹត ( អមតៈ ព្រះនិព្វាន )
- ទៀន ៤ គឺអន្លង់ទាំង ៤ ( កាម ភព ទិដ្ឋិ អវិជ្ជា )តែងជាបច្ច័យនាំឱ្យសត្វកើតស្លាប់ ស្លាប់ កើតគឺឆេះទៅរកទីបំផុតគ្មាន ក្តៅសន្ធោសន្ធៅ អន្លង់ទាំងនេះនឹងត្រូវរលត់បានដោយជ្រលក់ចូលក្នុងទឹកអម្រឹត ។ មានតែទឹកអម្រឹតអមតៈនេះទើបពន្លត់ទៀនមិនឱ្យកើត ឆេះទៀតបាន ។
There was an error in this gadget

The Life Of The Buddha

comments